អាហារធម្មជាតិ បាគងភូមិខ្ញុំ

សិប្បកម្មទេសចរណ៍ បាគងភូមិខ្ញុំ បង្កើតឡើងនៅដើមឆ្នាំ ២០២១ ក្នុងអំឡុងវិបត្តិកូវិដ-១៩ បានធ្វើអោយប្រជាជន ក្នុងតំបន់ និង ទូទាំងប្រទេសកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើសុខភាព, ជំងឺ ឆ្លង ជាពិសេស តាមរយៈការវេចខ្ចប់ម្ហូបអាហារ ដូច្នេះហើយទើបលោក សូត្រ សូរ ត្រូវជាកូនប្រុស របស់ លោកយាយ ហួន មុំ ជាអតីត ចុងភៅឆ្នើម នៅក្នុងស្រុក ប្រសាទបាគង ខេត្តសៀមរាប បានប្រមូលផ្តុំ ប្រជាជននៅក្នុង តំបន់ដែលមានជំនាញ ខាងម្ហូបអាហារ រួចបង្កើតជាសហគមន៍ ចំណីអាហារ ដោយមានការដាំដុះបន្លែ និង ផ្គត់ផ្គង់ ដូចជា ត្រី យកមកពី បឹងទន្លេសាប ចុងឃ្នៀស, កំពង់ឃ្លាំង, កំពង់ភ្លុក មាន់ទា ជ្រូក គោ យកមកពី ប្រជាជនក្នុងតំបន់។

អ្វីដែលជាគោលបំណងធំរបស់លោក នោះគឺចង់អភិរក្សស្នាដៃ និង ជំរុញការផលិត និង ចែកចាយ ទូទាំងប្រទេស ដោយបានគិតគូរពីសុវត្ថិភាពចំណីអាហារ និង សុខភាពរបស់ប្រជាជនជាចំបង សិប្បកម្មទេសចរណ៍ បាគងភូមិខ្ញុំ ក៏បានបំពាក់បន្ថែមនៅម៉ាស៊ីនវេចខ្ចប់ទំនើបៗ ព្រមទាំងម៉ាស៊ីនសំលាប់មេរោគផ្សេងៗ ម៉ាស៊ីន UV មា៉ស៊ីនសម្ងួត និង ការពាជម្ងឺកូវិត-១៩ ផងដែរ។

សិប្បកម្មទេសចរណ៍បាគងភូមិខ្ញុំ បានផលិតនូវការវេចខ្ចប់ជាស្រេច នូវអាហារដែលមានឱជារស ឆ្ងាញ់ពិសារ រួមមានអាហារដូចជា: កង្កែបបោក, ប្រហិតត្រី, មាន់ដុតទឹកឃ្មុំ, មាន់អាំងអំបិលម្ទេស, ប្រហុកឆៅចិញ្ច្រាំ, ប្រហុកអង្រ្គង, ត្រីក្រាញ់ប្រលាក់, ត្រីកំភ្លាញប្រលាក់, ត្រីឆ្លូញប្រលាក់, ត្រីប្រាហើម, ត្រីប្រាងៀត, ត្រីកន្ធរប្រលាក់, ត្រីអណ្ដែងប្រលាក់, ត្រីឆ្អើរ, ត្រីងៀត, សាច់គោជាប់ខ្លាញ់, ឆ្អឹងជំនីរគោ, សាច់គោងៀត, សាច់ក្រកសាច់គោ, សាច់ក្រកសាច់ជ្រូក, ទឹកត្រីកោះកុង និង ម្ហូបអាហារខ្ចប់ជាច្រើនទៀត ដែលអស់លោកអ្នកអាចរក្សាទុកបានយូរ ដោយឆ្លងកាត់ ការតេស្ត និង ទទួលស្គាល់ ពីក្រសួងបានយ៉ាងត្រឹមត្រូវ។